ស្មារតី ៣ 

ដោយលោកគ្រូ ឃីម សុខហេង

នៅក្នុងពិភពលោកនេះភាពជោគជ័យវាមិនមែនជាអាថ៍កំបាំងដែលអ្នកទាំងអស់គ្នាមិនមានសិទ្ធទទួលបាននោះទេ តែទាមទារឲ្យអ្នករៀនសូត្រពីច្បាប់ ឫរូបមន្តដែលអ្នកជោគជ័យអនុវត្តន៍ និងការព្យាយាម តស៊ូជំនះរហូតទទួលបាននូវអ្វីដែលអ្នកប្រាថ្នា។ យ៉ាងណាម៉ិញ លោកគ្រូ ឃីម សុខហេង ជាគ្រូបណ្តុះបណ្តាលធនធានមនុស្ស និង ជាស្ថាបនិកវិទ្យាស្ថាន LSI (Learning For Success Institute) ជាសហគ្រិន និង អ្នកវិនិយោគ។ លោកគ្រូមានប្រសាសន៍ទាក់ទងនឹងស្មារតីជោគជ័យ ៣+១​ គឺជាស្មារតីដ៏សំខាន់ រាល់បុគ្គលដែលជោគជ័យទាំងឡាយគេប្រកាន់ខ្ជាប់នូវស្មារតី ៣+១  (​ វិដេអូ៖ http://bit.ly/2LtGHOa)

ស្មារតីជោគជ័យ ៣+១៖

ទី ១៖ ស្មារតីផ្តោត (Focus)


ស្មារតីផ្តោត គឺជាអ្វី? ស្មារតីផ្តោត គេផ្តោតលើ គោលដៅដែលគេចង់បានក្នុងជីវិត មិនថាគោលដៅរយៈខ្លី ឫគោលដៅរយៈពេលវែង ពោលគឺ បុគ្គលជោគជ័យ គឺជាបុគ្គលដែលមានគោលដៅ គេបានកំណត់គោលដៅ ៣ ឆ្នាំ ៥ ឆ្នាំ ១០ ឆ្នាំ ទៅមុខទៀត គេចង់សម្រេចបានអ្វីនៅក្នុងជីវិតរបស់គេ ដូចនេះគេត្រូវមានស្មារតីផ្តោត។ បើយើងជាអ្នកធ្វើការ៖ គឺគេផ្តោតលើការងារក្នុងដៃ កុំឈ្វេចឈ្វាច កុំឈ្លេឈ្លា បុគ្គលខ្លះធ្វើឲ្យគេឃើញថារវល់គ្មានពេលសម្រាក រវល់គ្មានពេលញុំាបាយ រវល់គ្មានពេលឈប់ រវល់គ្មានពេលទំនេរ។ តែសំនួរ សួរថា រវល់រឿងដែលគួររវល់អត់? រវល់ត្រូវរឿងអត់? បើយើងរវល់មិនត្រូវរឿងទេ ជីវិតនេះរស់មិនស្រួលទេ គឺរឿងមិនបានការមានចំពោះយើងច្រើនអនេក។ ចឹងបុគ្គលដែលជោគជ័យ គឺជាបុគ្គលដែលមានស្មារតីផ្តោត។ ចំពោះ លោកគ្រូគាត់មានប្រសាសន៍ថា លោកគ្រូ ផ្តោតលើអនាគតដែលចង់បាន ដែលចង់សម្រេចក្នុងជីវិត។ ក្នុងនាមជានិសិត្ស ត្រូវផ្តោតលើការក្រេបជញ្ជក់យកចំនេះដឹង មិនផ្តោតលើការផឹកស្រា មិនមែនផ្តោតលើការជក់គ្រឿងញៀនទេ មិនមែនផ្តោតលើការចូលក្លិប និងធ្វើរឿងមិនមានប្រយោជន៍ដែលប៉ះពាល់លើការសិក្សា ខ្លួនឯង និងគ្រួសារទេ។ កុំផ្តោតលើសម្ភារះនិយម ខៈណៈពេលដែលសម្ថភាពអ្នកមិនទាន់មាន ត្រូវផ្តោតលើការសិក្សា ត្រូវផ្តោតលើការធ្វើខ្លួនឲ្យក្លាយជាមនុស្សមានសីលធម៍ល្អ មានសុជីវធម៍ល្អក្នុងការរស់នៅ មានគុណធម៍ មានកត្តញ្ញូ ចំពោះមានមាតា បិតា មានគុណធម៍ចំពោះបុគ្គលដែលបានជួយយើង ទាំងនេះជារឿងដែរគួរផ្តោត។

ទី២៖ ស្មារតីរួបរួម

បើសិនជាយើងមានរឿងដែលត្រូវផ្តោតហើយ នៅលើលោកនេះទោះបីជាយើងចេះប៉ុណ្ណាក៏ដោយ ក៏យើងមិនអាចជោគជ័យម្នាក់ឯងបានទេ។ ស្មារតីរួបរួម មានន័យថារួបរួមសាមគ្គីជាថ្លុងមួយ។ ទស្សនះរបស់បុគ្គលជោគជ័យជាច្រើននៅលើលោក គឺគេរួមសាមគ្គីជាកម្លាំងដែលយើងអាចដុតអ្វីមួយគឺយើងអាចដុតអោយឆេះបាន។ គេនិយាយថា​ អាតូចវាមិនដែលឈ្នេះអាធំទេ តែពេលអាតូចប្រមួលផ្តុំ អាធំក៏ពិបាកឈ្នេះដែរ។ យើងត្រូវមានស្មារតីរួបរួមសាមគ្គី ហើយដើម្បីធ្វើអោយមានភាពរួបរួមសាមគ្គី គឺយើងត្រូវធ្វើជាមនុស្សអោយក្លាយទៅជាមនុស្សដែលចេះផ្តល់សេវាកម្មអោយអ្នកដទៃមុន នេះសំខាន់ណាស់ដើម្បីជោកជ័យយើងរៀបចំខ្លួនយើងអោយអ្នកដទៃគេចូលចិត្ត ធ្វើជាមនុស្សមានចិត្តយកអាសារអ្នកដទៃគឺយើងមានចំណងទំនាក់ទំនងល្អ។ ចំណងទំនាក់ទំនងវានឹងរឹតបន្ទឹងបន្តិចម្តងៗយូរទៅៗចំណងទំនាក់ទំនងដែលយើងមានស្មារតីរួបរួមសាមគ្គី វានឹងក្លាយជាទុនសម្រាប់អនាគត់យើងទៅថ្ងៃមុខ ដែលយើងអាចយកទៅវិនិយោគបាន។ យើងមានស្មារតីផ្តោត ស្មារតីរួបរួមហើយតែអ្វីៗយើងមិនអាចជប់បានដូចនេះ។

 

ទី៣៖ ស្មារតីប្រឹងប្រែង តស៊ូ អត់ធ្មត់ ក្រាញ់ននៀល

រាល់បុគ្គលជោគជ័យ ត្រូវមានស្មារតីទី៣នេះ ដើម្បីទទួលបាននូវអ្វីៗដែលយើងចង់បាន លោកគ្រូបានមានប្រសាស៍ថាទំរាំខ្ញុំបានប៉ុណ្ណឹង ខ្ញុំប្រឹងប្រែងអស់រយៈពេល១៨ឆ្នាំហើយ នៅលើលោកនេះគ្មានបុគ្គលណាយកចិត្តទូកដាក់លើការអភិវឌ្ឍខ្លួនយើងជាងយើងខ្លួនឯងនោះទេ ហើយគ្មានបុគ្គលណានៅលើលោកនេះទោះបីស្រលាញ់យើងប៉ុណ្ណាក៏ដោយ បើយើងមិនប្រឹងប្រែងរៀនសូត្រខ្លួនឯងទេ ក៏គ្មាននរណារៀនជំនួសយើងបានដែរ។ បើយើងមិនខំកសាងអំពើល្អ ក៏គ្មាននរណាសាងជំនួសយើងទេ សូម្បីតែឪពុកម្តាយដែរផ្តល់កំណើតអោយយើង បើយើងមិនខំថែសុខភាពយើងទេ ពេលយើងឈឺ ក៏គ្មាននរណាមកឈឺជំនួសយើងទេ គ្មាននរណាមកដកដង្ហើមជំនួសយើងទេ។ អញ្ជឺងបុគ្គលដែលជោគជ័យជាបុគ្គលដែលមានស្មារតីប្រឹងប្រែង តស៊ូ អត់ធ្មត់។

ដូចនេះស្មារតីទាំងបីនេះជាស្មារតីដ៏សំខាន់ ចំពោះបូកមួយវិញ គឺស្មារតីស្មោះត្រង់។ រាល់បុគ្គលជោគជ័យជាបុគ្គលដែលមានស្មារតីស្មោះត្រង់ មានគុណធម៏ក្នុងជីវិត។ ធ្វើយ៉ាងណាទើបមានស្មារតីទាំងអស់នេះ គឺយល់ហើយត្រូវអនុវត្តិន៍។ ដើម្បីអោយស្មារតីទាំងអស់នេះចាំចូលក្នុងជីវិតយើង​យើងអាចសរសេរដាក់ក្រដាស់ហើយបិតលើក្បាលដំណេករបស់យើង បិតនៅកន្លែងធ្វើការ យើងអាចសរសេរតូចៗបិតនៅកាបូបលុយរបស់យើង។ ចំពោះលោកគ្រូគាត់មានប្រសាសន៍ថា៖ បុគ្គលិករបស់គាត់បានពាក់អាវយឺតដែលមានអក្សរថា ស្មារតី ផ្តោត រួម ប្រឹង ដូចនេះចំពោះបងប្អូនដែលជាថ្នាក់ដឹកនាំ ជាម្ចាស់អាជីវកម្ម បើសិនជាបងប្អូន គ្រប់ក្រុមហ៊ុនយើងបំពាក់ស្មារតីទាំងបីនេះ ជូនបុគ្គលិក លោកគ្រូជឿថាបុគ្គលិករបស់បងប្អូន ជាបុគ្គលិកដែលមានប្រសិទ្ធភាពការងារខ្ពស់ ពីព្រោះ៖

ទី១៖ ក្នុងនាមជាបុគ្គលិកត្រូវមានស្មារតីផ្តោតលើផែនការណ៍ការងារ ភារកិច្ច ផ្តោតលើការទទួលខុសត្រូវរបស់ខ្លួន។

ទី២៖ កង្វល់របស់ក្រុមហ៊ុនជាច្រើនសព្វថ្ងៃនេះគឹខ្វះក្រុមការងារដែលរួមសាមគ្គី ស្វិតស្វាញជាមួយគ្នាដើម្បីសម្រេចផែនការណ៍រួម។ ពាក់ស្មារតីនេះគឺដាស់តឿន រំលឹកខ្លួនជាប្រចាំរឿងសំខាន់គឺត្រូវមានស្មារតីប្រឹងប្រែងតស៊ូដល់ទីបញ្ចប់។