វិធីសាស្ត្របង្រៀនកូនរបស់ជនជាតិជប៉ុន
កូនៗគឺជាបេះដូងរបស់ឪពុកម្តាយគ្រប់រូប ហើយឪពុកម្តាយតែងសង្ឃឹមថាកូនៗរបស់ខ្លួនទទួលបានការចិញ្ចឹមបីបាច់ថែរក្សាបានល្អ។ ឪពុកម្តាយនិមួយៗតែងប្រាថ្នាថាអាចបង្ហាត់បង្រៀនកូនខ្លួនឲ្យក្លាយជាក្មេងល្អដែលអ្នកផងគ្រប់គ្នាឃើញហើយស្រលាញ់ចូលចិត្ត ដូច្នេះការបង្ហាត់បង្រៀនកូនគឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនកូនៗរបស់យើងធ្វើទង្វើរមិនល្អនៅខាងក្រៅ ជារឿយៗយើងតែងលឺគេស្តីបន្ទោស និងរិះគន់ថាជាក្មេងមិនល្អ ឬម្តាយឪពុកមិនចេះប្រដៅ។ល។ យើងគ្រប់គ្នាតែងនិយាយថា៖ នគរមានច្បាប់ គ្រួសារមានវិន័យ។ វិន័យគ្រួសារដែលល្អមួយគឺមានសារៈសំខាន់ណាស់ចំពោះការលូតលាស់របស់កុមារ យ៉ាងណាម៉ិញវិន័យគ្រួសារនេះគឺមានទម្រង់ខុសៗគ្នាទៅតាមគ្រួសារនិមួយៗ។ ដោយសារតែវិន័យគ្រួសារនេះមានសារៈសំខាន់ ចូរយើងមកក្រលែកមើលថាតើជនជាតិជប៉ុនមានវិធីសាស្ត្រអ្វីខ្លះក្នុងការបង្ហាត់បង្រៀនកូនៗរបស់ពួកគេ។
រៀនម្ចាស់ការលើខ្លួនឯង៖ ជាទូទៅជនជាតិជប៉ុនតែងបង្រៀនកូនៗរបស់ពួកគេឲ្យចេះម្ចាស់ការលើខ្លួនឯង។ អ្វីដែលកូនៗអាចធ្វើបានត្រូវធ្វើដោយខ្លួនឯង កិច្ចការរបស់កូនៗឪពុកម្តាយមិនអាចធ្វើជំនួសឡើយ។ ដូច្នេះហើយកូនៗត្រូវបណ្តុះស្មារតីម្ចាស់ការលើខ្លួនឯងតាំងពីតូចក្រូចឆ្មាមកម្លេះ មិនរំខានអ្នកដទៃរួមទាំងឪពុកម្តាយ ជីដូនជីតាដែលជាញាតិជិតស្និតបំផុត។ ហើយស្មារតីម្ចាស់ការលើខ្លួនឯងនេះក៏ក្លាយទៅជាមូលដ្ឋាននៃក្រមសីលធម៍របស់ជនជាតិជប៉ុនផងដែរ។
ដោយឡែកជនជាតិជប៉ុនក៏មានគោលការណ៍មួយទៀតដែលហៅថា៖ គោលការអាយុមួយខួប ។ ដោយគោលការណ៍នេះចាប់អនុវត្តនៅពេលទារកចាប់ផ្តើមអាយុបានមួយខួប គឺឪពុកម្តាយមិនបន្តបញ្ចុកបាយទៀតឡើយ កូនតូចត្រូវរៀនចេះញុំាបាយដោយខ្លួនឯង ហើយជាទូទៅតាមភោគជនីយដ្ឋាននីមួយៗតែងមានកៅអីសម្រាប់កូនតូចអង្គុយញុំាបាយដោយខ្លួនឯង។
រៀនចេះអត់ធ្មត់៖ ឪពុកម្តាយជនជាតិជប៉ុនតែងតែនិយាយពាក្យមួយមាត់នេះចំ ពោះកូនៗរបស់ពួកគេជានិច្ច ដោយពន្យល់ពួកគេថា៖កូនមិនអាចទទួលបានអ្វីៗតាមបំណងរបស់កូនដោយងាយៗនោះទេ កូនត្រូវការការខិតខំប្រឹងប្រែងដើម្បីទទួលបានវា ដូច្នេះហើយយើងកំរឃើញក្មេងៗជនជាតិជប៉ុនយំរំអុកទាទិញរបស់លេងនៅក្នុងហាងលក់ទំនិញ ឬហាងលក់របស់លេងណាស់។
ដោយសារតែក្មេងៗជនជាតិជប៉ុនត្រូវបានបណ្តុះបណ្តាលនូរទំលាប់ និងស្មារតីម្ចាស់ការលើខ្លួនឯងជាសីលធម៍ក្នុងខ្លួនទាំងពីតូច ដូច្នេះជនជាតិជប៉ុនមានសម្ថភាពខ្ពស់ក្នុងការឆ្នៃប្រឌិត រាប់តាំងពីគ្រឿងសង្ហារឹម រហូតដល់ការសង់ផ្ទះសំបែងដោយខ្លួនឯងគឺជារឿងធម្មតាទៅហើយ។
ការអភិវឌ្ឍន៍ជានិច្ច៖ ជនជាតិជប៉ុនតែងតែឲ្យកូនៗរបស់ពួកគេផ្សារភ្ចាប់ជាមួយបរិស្ថានធម្មជាតិជានិច្ច ដូចជាការសិក្សាពីធម្មជាតិ សត្វ និងបង្រៀនឲ្យកូនៗពីការដាំដុះ ធ្វើបែបនេះគឺជាការជួយឲ្យកូនៗយល់ពីការស្រលាញ់ធម្មជាតិ ជាងនេះទៅទៀតគឺកូនៗនិងយល់ពីដំណើរនៃជីវិត្តគឺត្រូវការអភិវឌ្ឍន៍បន្តលូតលាស់ជានិច្ច។ ធ្វើដូចនេះកូនៗនិងយល់ដោយងាយតាំងតែពីតូចថាពួកគេត្រូវបន្តការសិក្សាជានិច្ច មិនថានៅសាលារៀន ក្នុងសង្គម ដោយឪពុកម្តាយមិនពិបានពន្យល់ ឫបង្ខំ។
សរុបសេចក្តីមករាប់ចាប់ពីគ្រួសារ សាលារៀនរហូតដល់សង្គមជាតិ ក្មេងៗត្រូវបានបង្ហាត់បង្រៀនដោយផ្អែកលើគោលការណ៍បី៖ ស្មារតីម្ចាស់ការ ការដាក់វិន័យខ្លួនឯង និងការអភិវឌ្ឍន៍ជានិច្ច។ យោងតាមគោលការណ៍បីខាងលើនេះ សង្គមរបស់ប្រទេសជប៉ុនគឺឲ្យតំលៃមនុស្ស និងការងារគ្រប់ប្រភេទមិនថាអ្នកជាបណ្ឌិត ឬត្រឹមអ្នកលក់មី ឬអ្នកមូលស៊ូស៊ីឡើយ។ កូនៗដែលត្រូវបានដុះខាតពីក្មេងៗមកចិត្តគំនិតគឺឆាប់ចាស់ទុំ ហើយសង្គមទាំងមូលក៏ពោរពេញទៅភាពសុខដុមរមនា និងចុះសម្រុងគ្នាបានល្អ។